John 3

លោកនីកូដេម​ជួប​ព្រះយេស៊ូដោយ​សំងាត់​

1នៅពេលនោះមានបុរសម្នាក់មកពី​ខាងគណៈ​ផារិស៊ីឈ្មោះនីកូដេម​ដែល​ជា​អ្នកដឹកនាំរបស់​ជនជាតិ​យូដា 2គាត់បាន​មកជួបព្រះយេស៊ូទាំងយប់ទូលថា៖ ​«លោក​គ្រូ​យើង​ដឹងថា​លោក​ជា​គ្រូមកពីព្រះជាម្ចាស់​មែន​ដ្បិតទីសំគាល់អស្ចារ្យដែលលោក​កំពុង​ធ្វើទាំងនេះគ្មាន​អ្នកណា​អាចធ្វើបានទេលើកលែងតែព្រះជាម្ចាស់គង់ជាមួយប៉ុណ្ណោះ» 3ព្រះយេស៊ូមានបន្ទូលឆ្លើយ​ទៅ​គាត់ថា៖ ​«ខ្ញុំ​ប្រាប់​អ្នក​ជា​ពិតប្រាកដថាបើអ្នកណាមិនកើតជាថ្មី​អ្នកនោះ​មិនអាចឃើញនគរព្រះជាម្ចាស់បានទេ»។ 4លោកនីកូដេម​ក៏​សួរព្រះអង្គថា៖ ​«តើ​មនុស្សដែលចាស់​ទៅ​ហើយ​គេ​អាចកើតម្ដងទៀតយ៉ាងដូចម្ដេចបាន? ​គេ​មិនអាចចូលទៅក្នុងផ្ទៃម្ដាយ​រួច​កើតមកម្ដងទៀតបានទេ»។ 5ព្រះយេស៊ូមានបន្ទូលថា៖ ​«ខ្ញុំ​ប្រាប់​អ្នក​ជា​ពិតប្រាកដថាបើអ្នកណា​មិន​កើតពីទឹកនិង​ព្រះ​វិញ្ញាណទេ​អ្នក​នោះ​មិន​អាច​ចូលទៅក្នុងនគរព្រះជាម្ចាស់បានឡើយ 6ដ្បិតអ្វីដែលកើតពីសាច់ឈាមនោះជាសាច់ឈាមប៉ុន្ដែអ្វីដែលកើតពីវិញ្ញាណនោះជាវិញ្ញាណ 7ដូច្នេះកុំឆ្ងល់ឡើយដែល​ខ្ញុំ​ប្រាប់អ្នកថាអ្នកត្រូវកើតជាថ្មី 8ខ្យល់បក់ទៅទីណា​តាម​តែ​វា​ចង់ទៅហើយ​អ្នក​ស្នូរ​របស់​វាប៉ុន្តែ​អ្នក​មិនដឹងថា​វា​មកពីណាទៅណាទេ​រីឯ​អស់អ្នកដែលកើតពី​ព្រះ​វិញ្ញាណ​ក៏​ដូច្នេះដែរ»។ 9លោកនីកូដេមសួរព្រះអង្គ​ទៀត​ថា៖ ​«តើ​ការ​ទាំងនេះអាចកើតឡើង​យ៉ាង​ដូចម្ដេច 10ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ ​«អ្នកជាគ្រូ​របស់​ជនជាតិ​អ៊ីស្រាអែលហើយ​អ្នក​មិនយល់ការនេះទេ? 11ខ្ញុំប្រាប់​អ្នក​ជា​ពិតប្រាកដថា​យើង​ប្រាប់​ពី​ការ​ដែល​យើង​បាន​ដឹងហើយធ្វើបន្ទាល់​ពី​ការ​ដែល​យើង​បាន​ឃើញប៉ុន្តែ​អ្នករាល់គ្នា​មិនទទួលយក​សេចក្ដី​បន្ទាល់​របស់​យើងទេ 12ដូច្នេះបើ​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​អំពី​រឿងហេតុ​លោកិយ​អ្នករាល់គ្នា​មិនជឿទៅហើយចុះទម្រាំបើ​ខ្ញុំ​ប្រាប់អ្នករាល់គ្នា​អំពី​រឿងហេតុ​ស្ថានសួគ៌វិញ​តើ​អ្នករាល់គ្នា​នឹង​ជឿយ៉ាងដូចម្ដេចបាន? 13មិនដែល​មាន​អ្នកណា​ធ្លាប់​ទៅដល់ស្ថានសួគ៌​ទេ​មានតែ​ព្រះអង្គ​ដែល​បាន​យាងចុះពីស្ថានសួគ៌ប៉ុណ្ណោះ​គឺ​ជា​កូន​មនុស្សនោះ​ហើយ 14លោកម៉ូសេ​បាន​លើកសត្វពស់ឡើងនៅទីរហោឋានយ៉ាងណានោះកូនមនុស្ស​នឹង​ត្រូវ​គេ​លើកឡើងយ៉ាងនោះដែរ 15ដើម្បីឲ្យ​អស់អ្នកដែលជឿលើកូនមនុស្សមានជីវិតអស់កល្បជានិច្ច 16ដ្បិតព្រះជាម្ចាស់ស្រលាញ់មនុស្សលោកដល់ម៉្លេះបានជា​ព្រះអង្គ​ប្រទាន​ព្រះ​រាជ​បុត្រាតែមួយដើម្បីឲ្យអស់អ្នកដែលជឿលើ​ព្រះ​រាជ​បុត្រានោះមិន​ត្រូវ​វិនាសឡើយគឺ​ឲ្យ​មានជីវិតអស់កល្បជានិច្ចវិញ 17ព្រោះព្រះជាម្ចាស់មិន​បាន​ចាត់​ព្រះ​រាជ​បុត្រា​ឲ្យ​មក​ក្នុងពិភពលោកនេះដើម្បីជំនុំជម្រះពិភពលោកទេប៉ុន្តែដើម្បី​ឲ្យ​ពិភពលោក​ទទួល​បាន​សេចក្ដីសង្គ្រោះតាមរយៈ​ព្រះ​រាជ​បុត្រាវិញ 18ហើយអស់​អ្នកដែលជឿលើព្រះរាជបុត្រា​អ្នក​នោះ​មិន​ជាប់​ទោសឡើយប៉ុន្តែ​អស់​អ្នកដែលមិនជឿ​អ្នក​នោះ​ជាប់​ទោស​ហើយ​ដោយព្រោះមិន​បាន​ជឿលើ​ព្រះ​នាមនៃ​ព្រះ​រាជ​បុត្រាតែមួយ​របស់​ព្រះជាម្ចាស់ 19នេះជា​ការ​ដាក់ទោសដ្បិតពន្លឺ​បាន​មកក្នុងពិភពលោកនេះប៉ុន្តែមនុស្សស្រលាញ់សេចក្ដីងងឹតជាងពន្លឺព្រោះការប្រព្រឹត្តិ​របស់​គេសុទ្ធតែអាក្រក់ 20ហើយអស់អ្នកដែលប្រព្រឹត្តិអាក្រក់​គេ​ស្អប់ពន្លឺមិនមកពន្លឺទេក្រែងការប្រព្រឹត្តិ​របស់​គេ​ត្រូវ​លាតត្រដាង 21ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្តិ​តាម​សេចក្ដីពិតវិញ​គេ​មកពន្លឺដើម្បី​ឲ្យ​ការប្រព្រឹត្តិ​របស់​គេ​ត្រូវ​បាន​បើកសំដែង​ឲ្យ​ដឹង​ថា​គេ​បាន​ធ្វើនៅក្នុងព្រះជាម្ចាស់មែន»។

ព្រះយេស៊ូសរសើរ​លោកយ៉ូហាន​

22បន្ទាប់ពី​ហេតុការណ៍​ទាំងនេះ​ព្រះ​យេស៊ូនិង​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​មកក្នុងស្រុកយូដាហើយព្រះអង្គ​ក៏​ស្នាក់​នៅទីនោះជាមួយពួកគេនិង​ធ្វើ​ពិធីជ្រមុជទឹក​ឲ្យ​ពួកគេ​ដែរ 23រីឯលោក​យ៉ូហានគាត់ក៏​ធ្វើ​ពិធីជ្រមុជទឹកនៅអេណូនដែរ​គឺ​នៅ​ជិតសាលីមព្រោះ​នៅ​ទីនោះមានទឹកច្រើនហើយ​មាន​មនុស្ស​មក​ទទួល​ពិធីជ្រមុជទឹក 24លោកយ៉ូហានមិនទាន់ជាប់គុកទេ 25ពេលនោះកើតមាន​ការ​ជជែក​ដេញដោលគ្នារវាង​ពួក​សិស្ស​របស់​លោក​យ៉ូហាននិង​ជនជាតិ​យូដាម្នាក់អំពីពិធីជម្រះកាយ 26ដូច្នេះពួកគេ​ក៏​មកជួប​លោក​យ៉ូហានប្រាប់ថា៖ ​«លោក​គ្រូអ្នកដែល​បាន​នៅជាមួយលោក​កាល​នៅ​ត្រើយម្ខាង​នៃ​អូរ​យ័រដាន់​គឺ​ជា​អ្នកដែលលោក​បាន​ធ្វើបន្ទាល់​នោះ​ឥឡូវនេះ​មើល៍គាត់​កំពុង​ធ្វើ​ពិធីជ្រមុជទឹក​ដែរ​ហើយ​មនុស្ស​គ្រប់គ្នា​នាំគ្នា​ទៅគាត់»។ 27លោកយ៉ូហានតបវិញថា៖ ​«គ្មានមនុស្ស​ណា​ម្នាក់អាចទទួលបានអ្វីទេលុះត្រាតែ​ព្រះជាម្ចាស់​ប្រទានពីស្ថានសួគ៌មក 28ហើយអ្នករាល់គ្នាផ្ទាល់​ជា​សាក្សី​អំពី​ខ្ញុំ​កាល​ដែល​ខ្ញុំ​ប្រាប់ថាខ្ញុំមិនមែនជា​ព្រះ​គ្រិស្ដទេប៉ុន្តែ​ព្រះជាម្ចាស់​បាន​ចាត់ខ្ញុំ​ឲ្យ​មក​មុនព្រះអង្គ​ប៉ុណ្ណោះ 29អ្នកណារៀបការនឹងកូនក្រមុំអ្នកនោះ​ហើយ​ជា​កូនកំលោះរីឯមិត្តសម្លាញ់​របស់​កូនកំលោះ​ដែល​ឈរស្ដាប់កូនកំលោះ​នោះ​ក៏​ត្រេកអរជាខ្លាំងចំពោះសំឡេង​របស់​កូនកំលោះ​ដែរ​ដូច្នេះអំណរ​របស់​ខ្ញុំបរិបូរហើយ 30ដ្យិតព្រះអង្គត្រូវតម្កើង​ឡើង​ឯ​ខ្ញុំ​ត្រូវ​បន្ទាបចុះ​វិញ 31ហើយព្រះ​មួយ​អង្គ​ដែលយាងមកពីស្ថានលើ​ព្រះអង្គ​គង់ខ្ពស់លើសទាំងអស់​រីឯ​អ្នកដែលនៅក្នុងលោកិយនេះ​គេ​កើតពីលោកិយ​មក​និងនិយាយតាមរបៀបលោកិយ​ដែរ​ប៉ុន្តែ​ព្រះ​មួយ​អង្គ​ដែលយាងមកពីស្ថានសួគ៌​ព្រះអង្គ​គង់ខ្ពស់លើសទាំងអស់ 32ព្រះអង្គធ្វើបន្ទាល់​អំពី​អ្វី​ដែល​ព្រះអង្គ​បាន​ឃើញនិង​បាន​ប៉ុន្តែគ្មាន​អ្នកណា​ទទួលយក​សេចក្ដី​បន្ទាល់​របស់​ព្រះអង្គទេ 33ប៉ុន្តែអ្នកណាទទួលយក​សេចក្ដី​បន្ទាល់​របស់​ព្រះអង្គ​អ្នកនោះ​ក៏​អះអាង​ដែរ​ថាព្រះជាម្ចាស់ពិតត្រង់ 34ដ្បិតព្រះ​មួយ​អង្គ​ដែលព្រះជាម្ចាស់​បាន​ចាត់ឲ្យមក​នោះ​ព្រះអង្គ​ថ្លែងពីព្រះបន្ទូល​របស់​ព្រះជាម្ចាស់ដ្បិត​ព្រះជាម្ចាស់​ប្រទានព្រះវិញ្ញាណមកដោយគ្មានកម្រិត 35គឺព្រះ​វរបិតាស្រលាញ់​ព្រះ​រាជ​បុត្រានិង​​បាន​ប្រគល់​អ្វីៗ​ទាំងអស់មកក្នុង​ព្រះ​ហស្ដ​របស់​ព្រះ​រាជ​បុត្រា 36ដូច្នេះអ្នកណា​ជឿលើ​ព្រះរាជ​បុត្រា​អ្នក​នោះ​មាន​ជីវិតអស់កល្បជានិច្ចប៉ុន្តែអ្នកណាមិនស្ដាប់បង្គាប់​ព្រះរាជ​បុត្រា​អ្នកនោះ​នឹង​មិន​បានទទួល​ជីវិត​ទេ​ផ្ទុយទៅវិញ​សេចក្ដីក្រោធ​របស់​ព្រះជាម្ចាស់នៅជាប់​នឹង​អ្នកនោះ»។
Copyright information for KhmKCB